តបទៅអ្នកនាំភ្លើងមួយក្រុម! រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាច ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦​ ខែសីហានេះ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

ជូនសាធារជនពិចារណា៖

1-  អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។

ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន……  តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?» 

សូមពិនិត្យ និងពិចារណា៖ 

– ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:00យប់  ដល់ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់

– ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង។  

 តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា???

2-  បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ  គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត។  

សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕