ព្យុះទីហ្វុង Kajiki សម្លាប់មនុស្ស៣នាក់ និងបំផ្លាញផ្ទះជិត ៧,០០០ ខ្នងនៅវៀតណាម

អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃអង្គារថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ១០នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង Kajiki បានបំផ្លាញផ្ទះជិត ៧,០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨,៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន ១៨,០០០ ដើម។ ជាមួយគ្នានោះវាក៏បានបំផ្លាញបង្គោលអគ្គិសនីចំនួន ៣៣១ ដើម ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និង Phu Tho ជាដើម។

ផ្លូវនានាក្នុងរដ្ឋធានីហាណូយត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ខណៈដែលភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃអង្គារ ធ្វើឱ្យស្ទះចរាចរណ៍។ រថយន្ត​ត្រូវ​បាន​គេ​មើល​ឃើញ​លិច​ដល់​ដំបូល​អណ្តែតក្នុង​ទឹក។ ទឹកជំនន់ក៏បានឡោមព័ទ្ធតំបន់លំនៅដ្ឋានក្នុងទីក្រុង ដែលកំពុងតែរៀបចំពិធីដង្ហែទិវាជាតិដ៏ធំបំផុតរបស់ប្រទេស។ វីដេអូឃ្លីបនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា ទឹកនៅបឹងខាងលិច ដែលជាបឹងដ៏ធំបំផុតក្នុងទីក្រុងហាណូយ បានហក់ពេញច្រាំងទន្លេ ខណៈភ្លៀងនៅតែបន្តធ្លាក់។

ទីភ្នាក់ងារអាកាសធាតុជាតិបានព្រមានថា ភ្លៀងនឹងបន្តនៅតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ដោយតំបន់ខ្លះទំនងជាកើនឡើងដល់ទៅ ១៥០ មីលីម៉ែត្រក្នុងរយៈពេល ៦ ម៉ោងដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី៕