លោកស្រី Navleen Prasad នាយកប្រតិបត្តិក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី (Australia Investment Council) របស់រដ្ឋាភិបាលអូស្ត្រាលី មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិនអូស្ត្រាលី ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា។ លោកស្រីបានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
ស្ថាប័ននេះគឹជាតួអង្គសំខាន់មួយក្នុងការសម្របសម្រួល និងចាត់ចែងទុនវិនិយោគឯកជនអូស្ត្រាលី ដោយផ្ដល់សេវាគាំទ្រដល់ក្រុមហ៊ុនវិនិយោគសំខាន់ៗរបស់អូស្ត្រាលី រាប់បញ្ចូលទាំងក្រុមហ៊ុនមូលធនសម្ព័ន្ធ (Venture Capital), Private Equity, Private Credit។ល។ ក្រុមប្រឹក្សាវិនិយោគអូស្ត្រាលីក៏បំពេញមុខងារជាស្ថាប័នជំរុញវិនិយោគ និងចាត់ចែងមូលនិធិប្រាក់សន្សំចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ដើម្បីប្រើប្រាស់ជាទុនសម្រាប់ទ្រទ្រង់ការវិនិយោគឯកជនផងដែរ។
ក្នុងកិច្ចពិភាក្សានេះ ក្រោយជម្រាបជូនក្រុមប្រឹក្សាវិនិយោគអូស្ត្រាលី បានជ្រាបអំពីសក្តានុពល និងបច្ច័យជាវិជ្ជមានសម្រាប់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញលោកស្រីផ្ទាល់ និងក្រុមហ៊ុនអូស្ត្រាលីជាសមាជិកក្រុមប្រឹក្សាវិនិយោគអូស្ដ្រាលី អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យស្វែងរកឱកាសបណ្ដាក់ទុកវិនិយោគផងដែរ។
ចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក Stephen Higgins និងលោក Morgan Hart ដែលជាវិនិយោគិនអូស្ត្រាលីកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផ្ទាល់ ក៏បានគូសបញ្ជាក់ពីការវិវត្តជាវិជ្ជមានរបស់កម្ពុជា ជូនលោកស្រីបានជ្រួតជ្រាបបន្ថែមផងដែរ។ ពិសេសជាងនេះ លោកក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាដែលជំរុញឱ្យលោកស្រីមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះកាលានុវត្តភាពដ៏សំបូរបែបរបស់កម្ពុជា ពិសេសតាមរយៈបទពិសោធន៍របស់វិនិយោគិនទាំងពីរ ក្រោយបានធ្វើទស្សនកិច្ចដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជា៕
