ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២៦ ខែសីហា ប្រកាសពីបំណងចង់ឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់បទល្មើសឃាតកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្ក្រាបការកើនឡើងយ៉ាងគំហុកនូវបទឧក្រិដ្ឋក្នុងរដ្ឋធានីមួយនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយថា នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា បើនរណាម្នាក់សម្លាប់នរណាម្នាក់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យើងនឹងស្វែងរកកាត់ទោសប្រហារជីវិត។ លោកថា នេះជាវិធានការបង្ការយ៉ាងរឹងមាំបំផុត ហើយមនុស្សគ្រប់គ្នាក៏យល់ស្របដែរ។
ការទទូចចង់ឱ្យមានការកាត់ទោសប្រហារជីវិត កើតមានឡើងបន្ទាប់ពីប្រធានាធិបតីត្រាំ បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងបានប្រើសិទ្ធិអំណាចគ្រប់គ្រងលើស្ថាប័នប៉ូលិលប្រចាំរដ្ឋនេះកាលពីដើមខែសីហាកន្លងទៅនេះ។
លោក ត្រាំ ក៏បានព្រមានដែលថា រូបលោកក៏កំពុងពិចារណា ដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងមួយចំនួនដឹកនាំបក្សប្រជាធិបតេយ្យដូចជាទីក្រុង Chicago, New York និង Baltimore ផងដែរ។ សូមជម្រាបជូនបន្តិចថា រដ្ឋធានីវ៉ាស៊ីនតោន បានលុបចោលច្បាប់កាត់ទោសប្រហារជីវិតក្នុងឆ្នាំ១៩៨១ ពោលមកពេលនេះមាន ៤៤ឆ្នាំហើយ៕
