នៅថ្ងៃទី២៧ ខែសីហានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤,៧៩៧គ្រួសារ ស្មើ ១៦,១៤៩នាក់ ក្នុងខេត្តព្រះវិហារ ចំនួន ៦គោលដៅ។
បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋបានជម្លៀសមកកាន់ទីសុវត្ថិភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ដោយក៏ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕





