សមាជិកសភាចំនួន ១៤៦នាក់បានគាំទ្រមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី ៣២ ជាមួយនឹងសមាជិកសភាគណបក្សប្រជាធិបតេយ្យបន្ថែមពីខេត្ត Nakhon Si Thammarat ។ លោក Anutin ក៏ទទួលបានសមាជិកសភាបក្សភឿថៃដែលបានចេញចាកចំនួន ៨រូបមកចូលរួមផងដែរ។
កាសែតថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មានសមាជិកសភាចំនួន ១៤៦រូប ដែលបានចុះហត្ថលេខាគាំទ្រលោក Anutin Charnvirakul ដែលជាប្រធានគណបក្ស ភូមិចៃថៃ ធ្វើជានាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖
គណបក្ស ភូមិចៃថៃ៖ ៦៨ នាក់
គណបក្សខ្លាថាំ៖ ៣១នាក់
គណបក្សប្រជាជនថៃ៖ ១៧ នាក់
គណបក្ស United Thai Nation ៖ ១៦ នាក់
គណបក្សភឿថៃ៖ ៨ នាក់
គណបក្សថៃសាងថៃ៖ ៣នាក់
គណបក្សប្រជាធិបតេយ្យ៖ ៣នាក់
សរុប៖ ១៤៦ នាក់
គួរឲ្យដឹងថា បញ្ជីឈ្មោះទាំង ១៤៦រូបនេះមិនរាប់បញ្ចូលសំឡេង ១ ពីគណបក្សយុត្តិធម៌ទេ ព្រោះរាប់តែអ្នកដែលបានចុះហត្ថលេខាប៉ុណ្ណោះ ដោយសារគណបក្សយុត្តិធម៌បានប្រកាសគាំទ្រដោយផ្ទាល់មាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ទន្ទឹមគ្នានេះដែរ ប្រធានសភាថៃ លោក Wan Muhammad Noor Matha នៅថ្ងៃពុធ ទី៣ កញ្ញានេះ បានទទួលយកសំណើមួយដើម្បីដាក់ការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីនៅក្នុងរបៀបវារៈ បន្ទាប់ពីមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានប្រកាសពីការបង្កើតរដ្ឋាភិបាលភាគតិច ១៤៦ អាសនៈ។
ចំណែកឯនាយករដ្ឋមន្រ្តីស្តីទី ភូមថាម វ៉េឆាយ៉ាឆៃ កំពុងរង់ចាំការយល់ព្រមពីព្រះមហាក្សត្រ ដើម្បីរំលាយសភាតំណាងរាស្រ្ត៕
