សមាជិកសភា ១៤៦រូបហើយគាំទ្រមេដឹកនាំបក្សភូមិចៃថៃ លោក Anutin ជានាយករដ្ឋមន្ត្រី ដោយសំណើរដល់ដៃប្រធានសភា 

សមាជិកសភាចំនួន ១៤៦នាក់បានគាំទ្រមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី ៣២ ជាមួយនឹងសមាជិកសភាគណបក្សប្រជាធិបតេយ្យបន្ថែមពីខេត្ត Nakhon Si Thammarat ។ លោក Anutin ក៏​ទទួលបាន​សមាជិក​សភា​បក្ស​ភឿ​ថៃ​ដែល​បានចេញចាកចំនួន ៨​រូប​មក​ចូល​រួមផងដែរ។ 

កាសែតថៃ Khaosod English ចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មានសមាជិកសភាចំនួន ១៤៦រូប ដែលបានចុះហត្ថលេខាគាំទ្រលោក Anutin Charnvirakul ដែលជាប្រធានគណបក្ស ភូមិចៃថៃ ធ្វើជានាយករដ្ឋមន្ត្រី មានដូចខាងក្រោម៖ 

គណបក្ស ភូមិចៃថៃ៖ ៦៨ នាក់

គណបក្សខ្លាថាំ៖ ៣១នាក់

គណបក្ស​ប្រជាជន​ថៃ៖ ១៧ នាក់

គណបក្ស United Thai Nation ៖ ១៦ នាក់

គណបក្សភឿថៃ៖ ៨ នាក់

គណបក្សថៃសាងថៃ៖ ៣នាក់

គណបក្សប្រជាធិបតេយ្យ៖ ៣នាក់

សរុប៖ ១៤៦ នាក់

គួរឲ្យដឹងថា បញ្ជីឈ្មោះទាំង ១៤៦រូបនេះមិនរាប់បញ្ចូលសំឡេង ១ ពីគណបក្សយុត្តិធម៌ទេ ព្រោះរាប់តែអ្នកដែលបានចុះហត្ថលេខាប៉ុណ្ណោះ ដោយសារគណបក្ស​យុត្តិធម៌​បាន​ប្រកាស​គាំទ្រ​ដោយ​ផ្ទាល់មាត់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ទន្ទឹមគ្នានេះដែរ ប្រធានសភាថៃ លោក Wan Muhammad Noor Matha នៅថ្ងៃពុធ ទី៣ កញ្ញានេះ បានទទួលយកសំណើមួយដើម្បីដាក់ការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីនៅក្នុងរបៀបវារៈ បន្ទាប់ពីមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul បានប្រកាសពីការបង្កើតរដ្ឋាភិបាលភាគតិច ១៤៦ អាសនៈ។

ចំណែកឯនាយករដ្ឋមន្រ្តីស្តីទី ភូមថាម វ៉េឆាយ៉ាឆៃ កំពុងរង់ចាំការយល់ព្រមពីព្រះមហាក្សត្រ ដើម្បីរំលាយសភាតំណាងរាស្រ្ត៕