អតីតនាយករដ្ឋមន្ត្រីដែលមានរឿងក្តីក្តាំច្រើនក្នុងតុលាការ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃកាលយប់ថ្ងៃទី៤ ខែកញ្ញា តាមយន្តហោះឯកជនទៅកាន់ទីក្រុងឌូបៃ ប៉ុន្មានថ្ងៃមុនការសម្រេចរបស់តុលាការដែលអាចជាប់ពន្ធនាគារ ខណៈដែលការរត់ចេញពីប្រទេសនេះប្រហែលជាមិនត្រលប់មកប្រឈមមុខនឹងសាលក្រមនោះទេ។
សាលក្រមថ្ងៃទី៩ ខែកញ្ញានេះ ពាក់ព័ន្ធនឹងការព្យាបាលជំងឺរយៈពេលយូរនៅមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ទោសនៅក្នុងពន្ធនាគារបន្ទាប់ពីលោកវិលត្រឡប់ចូលប្រទេសថៃកាលពីឆ្នាំ២០២៣។ សាលក្រមនេះនឹងត្រូវប្រកាសដោយអង្គជំនុំជម្រះផ្នែកព្រហ្មទណ្ឌសម្រាប់បុគ្គលដែលកាន់មុខតំណែងនយោបាយ បន្ទាប់ពីសវនាការចុងក្រោយនៃសំណុំរឿងនេះបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា។
ការចាកចេញរបស់លោកបានកើតឡើងមួយថ្ងៃមុនពេលសភារបស់ប្រទេសថៃត្រូវបានកំណត់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្រ្តីថ្មីនៅថ្ងៃសុក្រ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចដែលថាក់ស៊ីនបានបង្កើតត្រូវបានរំពឹងថានឹងបាត់បង់អំណាច។
លោកថាក់ស៊ីន អាយុ ៧៦ឆ្នាំ បានចំណាយពេល ១៥ឆ្នាំ ក្នុងការនិរទេស បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០០៦។ កូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃកាលពីឆ្នាំមុន ត្រូវបានដកចេញពីតំណែងកាលពីមួយសប្តាហ៍មុនបន្ទាប់ពីការស៊ើបអង្កេតលើក្រមសីលធម៌។
លោកថាក់ស៊ីន បានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមថា លោកមានបំណងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បី “ពិនិត្យសុខភាព” ប៉ុន្តែបានយឺតពេលចុះចតនៅព្រលានយន្តសិង្ហបុរី ដោយសារតែប៉ូលិសអន្តោប្រវេសន៍ថៃឃាត់ខ្លួនសួរនាំអស់ច្រើនម៉ោង ជាហេតុធ្វើឲ្យលោកសម្រេចហោះហើរតាមយន្តហោះ Bombardier Global 7500 ទៅកាន់ទៅទីក្រុងឌួបៃ ទៅវិញ។
បន្ទាប់ពីបណ្តេញចេញពីតំណែងក្នុងឆ្នាំ២០០៦ លោកថាក់ស៊ីនបានចំណាយពេល ១៥ ឆ្នាំក្នុងការនិរទេសដោយបង្ខំរស់នៅក្នុងទីក្រុងឌូបៃ និងកន្លែងផ្សេងទៀតដើម្បីគេចពីពន្ធនាគារពីបទរំលោភអំណាច និងអំពើពុករលួយអំឡុងពេលកាន់អំណាច៕
