ត្រាំ ព្រមានក្រុមហាម៉ាស ឱ្យទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា

ប្រធានាធិបតីអាមេរិក បានព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក ហើយឥលូវវាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ទន្ទឹមគ្នានេះលោកបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ ដោយបញ្ជាក់បន្ថែមថា នេះជាការព្រមានលើកចុងក្រោយរបស់លោក។

ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនទទួលបានគំនិតមួយចំនួនពីភាគីសហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។ ហាម៉ាសក៏បានបញ្ជាក់ដែរថាពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាជុំវិញការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរទៅនឹងការបិទបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា។

បើតាមសារព័ត៌មានអ៉ីស្រាអែល N12 News ចុះផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅបានរាយការណ៍ថា លោក ត្រាំ បានបញ្ជូនសំណើបទឈប់បាញ់ថ្មីមួយទៅកាន់ក្រុមហាម៉ាស ដោយនៅក្រោមសំណើនៃកិច្ចព្រមព្រៀងនេះ ហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងសេសសល់ទាំងអស់ ៤៨នាក់នៅថ្ងៃទី១ នៃបទឈប់បាញ់ ជាថ្នូរទៅនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន រាប់ពាន់នាក់ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល ហើយទើបចរចារបិទបញ្ចប់សង្រ្គាមអំឡុងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។ 

សម្រាប់មន្ត្រីអ៉ីស្រាអែលក៏បាននិយាយដែលថា អ៉ីស្រាអែលកំពុងពិចារណាយ៉ាងហ្មត់ចត់លើសំណើររបស់លោក ត្រាំ តែមិនបានបញ្ជាក់អ្វីលម្អិតទេ៕