យោធាមីយ៉ាន់ម៉ា ដោយមានកិច្ចសហការជាមួយកម្លាំងឆ្មាំព្រំដែន(BGF) និងក្រសួងកិច្ចការព្រំដែននៃរដ្ឋកាយីន នៅថ្ងៃព្រហស្បតិ៍នេះ បានវាយកម្ទេចអគារកម្ពស់ ១៣ជាន់មួយកន្លែងនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស Shwe Kokko ដែលមានទីតាំងនៅក្រុង Myawaddy ដែលស្ថិតនៅទល់មុខស្រុក ម៉ៅស៊ុយ ខេត្ត តាក់ របស់ប្រទេសថៃ។
យោងតាមការចេញផ្សាយរបស់កាសែតថៃ The Nation បានឲ្យដឹងថា មន្រ្តីសន្តិសុខថៃរំពឹងថា នឹងមានការវាយកម្ទេចអគារបន្ថែមទៀត នៅថ្ងៃទី៤ខែធ្នូនេះ ជាមួយនឹងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ Shwe Kokko ខណៈកាលពីថ្ងៃទី៣ កងកម្លាំងមីយ៉ាន់ម៉ា និងកាយីន បានបំផ្លាញអគារមួយរួចហើយ។
តាមកាសែតថៃ ការវាយកម្ទេចអគារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់មីយ៉ាន់ម៉ាក្នុងការលុបបំបាត់អចលនទ្រព្យ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញ ដែលដំណើរការដោយជនជាតិចិន។ ជាមួយគ្នានេះ កងកម្លាំងយោធាមីយ៉ាន់ម៉ាក៏បានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការបន្តវាយកម្ទេចអគារចំនួន ៦៣ទៅ ៦៤ទៀតនៅក្នុងតំបន់នេះផងដែរ៕

