លោក ត្រាំ ជំរុញឱ្យដាក់ពន្ធខ្ពស់ ១០០% លើចិន និងលើកទឹកចិត្តឱ្យអឺរ៉ុបយកពន្ធខ្ពស់ពីឥណ្ឌា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការដាក់ពន្ធខ្ពស់រហូតដល់ ១០០ភាគរយលើប្រទេសចិន និងលើកទឹកចិត្តឱ្យអឺរ៉ុបយកពន្ធខ្ពស់ពីឥណ្ឌា ដែលជាយុទ្ធសាស្រ្តសម្រាប់ដាក់សម្ពាធលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែកញ្ញា លោក ត្រាំ បានដាក់សំណើតាមបេសកជនទទួលបន្ទុកផ្នែកទណ្ឌកម្ម លោក David O’Sullivan និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀត គ្រាដែរគណៈប្រតិភួ សហភាពអ៉ឺរ៉ុប EU កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីការបញ្ហានៃការដាក់ទណ្ឌកម្ម។

លោក ត្រាំ ក៏បានដំឡើងពន្ធលើឥណ្ឌារួចហើយ ជុំវិញទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូ ប៉ុន្តែមិនទាន់សម្រេចលើការដាក់ទណ្ឌកម្មបន្ថែមចំពោះរុស្ស៉ី ដូចដែលលោកធ្លាប់បានលើកឡើងនោះទេ។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏បានចង្អុលបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើ EU ព្រមធ្វើតាម។

គួរឲ្យដឹងថា ចិន និងឥណ្ឌា គឺជាម៉ូយធំទិញប្រេងពីរុស្ស៉ី ដូច្នេះពួកគេមានតួនាទីសំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចរុស្ស៉ី ដែលកំពុងបន្តការឈ្លានពានលើប្រទេសអ៊ុយក្រែន៕