ម៉ានីតូបាបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងបានជំរុញមនុស្សរាប់ពាន់នាក់នៅភាគខាងជើង និងភាគខាងកើតនៃខេត្តឱ្យជម្លៀសចេញកាលពីថ្ងៃព្រហស្បត្តិ ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលនៅភាគកណ្តាល និងភាគខាងលិចប្រទេសកាណាដា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភានេះ។
មនុស្ស ១៧,០០០ នាក់ត្រូវការផ្លាស់ទីយ៉ាងលឿន រួមទាំងពីទីក្រុង Flin Flon ផងដែរ។ មនុស្សជាច្រើននឹងត្រូវដាក់នៅទីលានបាល់ទាត់ និងមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុង Winnipeg និងទីក្រុងផ្សេងទៀត ហើយកងកម្លាំងប្រដាប់អាវុធសហព័ន្ធបានមកដល់ដើម្បីជួយដឹកជញ្ជូនជនភៀសខ្លួន។
ដោយឡែក ភ្លើងឆេះព្រៃនៅក្នុងខេត្ត Alberta បានជំរុញឱ្យមានការបិទជាបណ្តោះអាសន្ននូវការផលិតប្រេង និងឧស្ម័នមួយចំនួន ហើយបានបង្ខំឱ្យអ្នកស្រុកយ៉ាងហោចណាស់មួយក្នុងទីក្រុងតូចមួយត្រូវជម្លៀសចេញ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតប្រេង Cenovus Energy (CVE.TO) បានបិទរោងចក្រ Foster Creek របស់ខ្លួនដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃនៅភាគខាងជើង Alberta ។
តំបន់នោះត្រូវបានរងផលប៉ះពាល់កាលពីថ្ងៃពុធដោយភ្លើងឆេះព្រៃដែលលាតសន្ធឹងលើផ្ទៃដី ២,៩០០ ហិកតា។
យ៉ាងណាក៏ដោយ ស្ថាប័ន Cenovus កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពភ្លើងឆេះព្រៃដែលកំពុងវិវត្ត ហើយវិធានការបុគ្គលិកគឺជាការប្រុងប្រយ័ត្ន។
គូសបញ្ជាក់ដែរថា ភ្លើងមួយផ្សេងទៀតដែលមានទំហំជិត ១,៦០០ ហិកតាកំពុងឆេះអស់ពីការគ្រប់គ្រងប្រហែល ៧ គីឡូម៉ែត្រភាគខាងជើងនៃតំបន់ Swan Hills ផងដែរនៅភាគខាងជើងនៃខេត្តនេះ។
បន្ថែមពីនោះ អ្នកស្រុកប្រហែល ១,២០០ នាក់នៃ ត្រូវបានបញ្ជាឱ្យជម្លៀសចេញកាលពីល្ងាចថ្ងៃចន្ទ។ ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នបានបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ដើម្បីជាការប្រុងប្រយ័ត្ន និងបានបិទក្នុងបរិមាណប្រហែល ៤,០០០ បារ៉ែលក្នុងមួយថ្ងៃនៃផលិតកម្មសមមូលប្រេង៕
ដោយ៖ ចិន្តា ទីទិ





