បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។
ក្នុងឱកាសចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។
សូមបញ្ចាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បានបើកឱ្យដំណើរការទទួលជើងហោះហើរកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយអាកាសយនដ្ឋាននេះសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុត៕







