ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងទ័ពអាកាសចិន និងថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារដែនអាកាសទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះបើតាមការចុះផ្សាយពីបណ្តាញព័ត៌មានអន្តរជាតិ ECNS, News AZ, Xinhua។
ជុំវិញរឿងនេះ ឯកឧត្តមបណ្ឌិត គិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងនូវហេតុផលមួយចំនួន ដើម្បីកុំឲ្យប្រជាពលរដ្ឋ អ្នកតាមសង្គមនានា កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ។
ឯកឧត្តមបានលើកឡើងថា ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយបណ្ដាប្រទេសនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនលើវិស័យនយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
ឯកឧត្តមបានបន្តថា មិត្តភាពដែកថែបរវាងកម្ពុជានិងចិន មិនមែនចងដៃចិនឬចងដៃកម្ពុជា មិនឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងជាមួប្រទេសផ្សេងទៀតនោះទេ។ ម្យ៉ាងទៀត កម្ពុជានិងចិនមិនមែនជាសម្ព័ន្ធមិត្តយោធាដែលចាំបាច់តម្រូវឱ្យប្រទេសនីមួយៗជួយច្បាំងគ្នាទៅវិញទៅមកដូចសម្ព័ន្ធមិត្តណាតូ ឬសម្ព័ន្ធមិត្តរវាងជប៉ុននិងកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាម៉េរិក ឬរវាងសហរដ្ឋអាម៉េរិកនិងលោកខាងលិចនោះទេ។
បើតាមឯកឧត្តមបណ្ឌិត៖ កម្ពុជាក៏មិនអាចជួយច្បាំងចិន ហើយចិនក៏មិនអាចជួយច្បាំងកម្ពុជាដែរ តែអាចគាំទ្រគ្នាជានយោបាយ ការទូត ឬយោធា ក្នុរករណីការគាំទ្រនោះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់គេ។ ត្រូវចាំថា ទំនាក់ទំនងអន្តរជាតិគឺគិតពីផលប្រយោជន៍ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។
ដូច្នេះ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ ព្រោះចិនមានផលប្រយោជន៍ជាមួយថៃច្រើនជាងជាមួយកម្ពុជាយើងឆ្ងាយណាស់ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទូត យុទ្ធសាស្ត្រ សន្តិសុខ ជាពិសេស ថៃជាម៉ូយធំមួយរបស់ចិនសម្រាប់លក់អាវុធ។ បើប្រៀបធៀបជាមួយថៃ កម្ពុជាយើងទិញអាវុធពីចិនតិចជាងថៃឆ្ងាយណាស់។
សូមចាំថា កាលណាមានសង្គ្រាមរវាងឬនៅក្នុងប្រទេសតូចៗ ពួកមហាអំណាចតែងតែញញឹមនិងស្រក់ទឹកមាត់ហើយ ព្រោះលុយនឹងហូរចូលទៅប្រទេសមហាអំណាចប្រទេសឈ្មួញអាវុធទាំងនោះបន្ថែមទៀត។ រាល់ពេលសង្គ្រាមរវាងឬនៅក្នុងប្រទេសតូច ៗ នោះគឺជាឱកាសដែលមហាអំណាចឈ្មួញអាវុធផ្សាយពាណិជ្ជកម្មអាវុធរបស់ខ្លួនផង និងជាឱកាសលក់អាវុធរបស់ខ្លួនផង។
តទៅ យើងត្រូវបន្តធ្វើពិពិធកម្មការទូតយើងបន្ថែមទៀតដោយលើកកម្ពស់ទំនាក់ទំនងការទូតរបស់យើងជាមួយមហាអំណាចនិងបណ្ដាប្រទេសនានាឱ្យបានកាន់តែច្រើនបំផុតតាមដែលអាចធ្វើបាន ដោយជៀសវាងងាប់ក្រឡាជាមួយតែមហាអំណាចណាមួយ មិនថាលើវិស័យសេដ្ឋកិច្ច នយោបាយ ការទូត និងសន្តិសុខទេ។ នេះជាការគូសបញ្ជាក់បន្ថែមពីឯកឧត្តម បណ្ឌិត គិន ភា៕
