ក្រសួងទេសចរណ៍ ទូតចិន និងក្រុមហ៊ុនទេសចរណ៍ធំៗ ចាប់ដៃគ្នាជំរុញកំណើនទេសចរចិន និងតភ្ជាប់ផ្លូវអាកាសមកកម្ពុជាបន្ថែមទៀត

ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ រួមទាំងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ស៊ីជម្រៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប្រជុំអនឡាញ។  

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឯកឧត្តមអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន ធ្វើការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍វិស័យឯកជនចិនដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូរ ឬ បុត្រសម្ព័ន្ធរបស់ខ្លួន មកវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដ៏ទៃទៀត ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើន ដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ក៏ដូចជាការៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

រាល់ភាគីដែលបានចូលរួម បានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្មលើចំណុចដែលបានពិភាក្សាក្នុងកិច្ចប្រជុំដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមករវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត៕