តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាស នៃការចូលរួមវេទិកា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី “ការកសាងសន្តិភាពតំបន់តាមរយៈកិច្ច សន្ទនា និងការពិគ្រោះយោបល់” (Building Reginal Peace Through Dialogue and Consultation)។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិត ចិន ក្នុងគោលបំណងដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ទន្ទឹមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូ នៃបណ្ដាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ម៉ាឡេស៊ី និង សិង្ហបូរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា៕
