លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅកាន់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៨ ខែកញ្ញា ឯកឧត្តម អ៊ុំ រាត្រី បានប្រកាសតវ៉ាប្រឆាំងដាច់ខាតអហង្ការចំពោះសកម្មភាពដដែលនៃការលើកបដាតរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ តាំងពីយូរយារណាស់មកហើយ គឺមុនពេលចុះហត្ថលេខាស្តីពីការវ៉ាស់វែង និងខណ្ឌសីម៉ាព្រំដែនកម្ពុជាថៃ MOU 2000 ចូលជាធរមាន។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្រះកែវ មិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននឹងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌព្រំដែនសីមារួចរាល់នោះទេ។
បន្ថែមទៀតនោះ អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកសកម្មភាពឯកតោភាគីដដែលរបស់ថៃ គឺជាការបង្ករហេតុដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះ និងជាការបំពានបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងលទ្ធផលនៃកិច្ចប្រជុំ GBC, RBC និង JBC រវាងប្រទេសទាំងពីរ។
បើតាមលិខិតដដែលរបស់ឯកឧត្តម អ៊ុំ រាត្រី រដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលខេត្តស្រះកែវប្រទេសថៃ ចូលរួមផ្តល់កិច្ចសហការចាត់វិធានការបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានូវស្ថានភាពដើម ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តនូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសំបែង និងដីធ្លីដែលបានរស់នៅជាច្រើនទសវត្សរ៍មកហើយ៕
