មនុស្ស១៣នាក់ស្លាប់និងបាត់ខ្លួន ដោយព្យុះទីហ្វុង Bualoi នៅវៀតណាម

យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះទីហ្វុង Bualoi នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បោកបក់លេីផ្នែកខាងជេីងកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ដោយបំផ្លាញផ្ទះសម្បែង និង ខ្សែបណ្តាញអគ្គិសនីផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់របាយការណ៍ពីទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិវៀតណាមបានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច នៅទីក្រុង Hue ខណៈដែលអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន បន្ទាប់ពីរលកសមុទ្រធំៗធ្វេីឱ្យលិចទូកនេសាទចំនួន ៤ ក្នុងខេត្ត Quang Tri។ មុនការមកដល់នៃព្យុះ រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង ២៨៥ ០០០នាក់ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន ៤នៅក្នុងខេត្តភាគកណ្តាល។

យោងតាមទីភ្នាក់ងារ Reuters ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសវៀតណាមចាប់តាំងពីថ្ងៃសៅរ៍ ហើយអាជ្ញាធរបានព្រមានពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់នៅតំបន់ជាច្រើនត្រូវបានព្យាករណ៍ថានឹងឡើងដល់កម្រិត ៥០០មីលីម៉ែត្រចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ៕