ប្រធានសភាជាន់ទាបរុស្ស៊ីជួបមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង មុនលោក ពូទីន និង ត្រាំ ជួបគ្នា

សភារុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងព្យុងយ៉ាង។

លោក Volodin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពាំនាំការសួរសុខទុក្ខពីមេដឹកនាំរុស្ស៊ី និងបានថ្លែងអំណរគុណដល់លោក គីម សម្រាប់ការគាំទ្ររបស់កូរ៉េខាងជើងចំពោះយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

គួរឲ្យដឹងដែរថា លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយលោក គីម កាលពីថ្ងៃអង្គារ ហើយបានប្រាប់ពីគម្រោងរបស់លោកក្នុងកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា នៅថ្ងៃសុក្រ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បានផ្ញើការឆ្លើយតបទៅនឹងលិខិតមួយពីលោក ពូទីន ដែលត្រូវបានប្រគល់ដោយលោក Volodin ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការរំដោះពីអាណានិគមរបស់ប្រទេសជប៉ុន។

នៅក្នុងលិខិតផ្ញើជូនលោក ពូទីន លោក Kim បាននិយាយថា ទាហានកូរ៉េខាងជើង និងរុស្ស៊ីបានបង្កើត “មិត្តភាព និងឯកភាព” នៅក្នុងសមរភូមិ ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវទៅវិញទៅមក ដែលលោកមិនបានកំណត់អត្តសញ្ញាណ។

ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបានអះអាងពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ដើម្បីគាំទ្រការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីដណ្តើមយកតំបន់ Kursk មកវិញ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយកាលពីខែមិថុនាថា ប្រទេសកូរ៉េខាងជើងមានសក្តានុពលក្នុងការបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី៕