នាយករដ្ឋមន្រ្តីថៃ លើកឡើងពីពាក្យបណ្តឹងរឿងព្រំដែនដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

នាយករដ្ឋមន្រ្តី៤ខែ របស់លោក Anutin បាននិយាយ​ថា​ វា​ជា​សិទ្ធិ​របស់​កម្ពុជា​ក្នុង​ការ​យករឿងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លោកអះអាងថា រដ្ឋ​ាភិបាលថៃ​មាន​ជំហរ​ច្បាស់លាស់​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​ប្រជាជន។

នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានធ្វើនិយាយដល់សំណុំរឿងដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែមិថុនា ទាក់ទងនឹងរឿងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ 

នៅ​ពេល​សួរ​ថា តើ​មាន​ព័ត៌មាន​ថា​តើ ICJ បាន​ទទួល​យក​ករណី​នេះ​ដែរ​ឬ​ទេ លោក​បាន​ឆ្លើយ​ថា៖ “ខ្ញុំមិនទាន់ដឹងនៅឡើយទេ។ ជំហររបស់យើងគឺជារបស់យើង វាជាសិទ្ធិរបស់ពួកគេសម្រាប់នរណាម្នាក់ក្នុងការប្តឹងតវ៉ា។ ប្រទេសថៃមានគោលជំហរ និងគោលនយោបាយច្បាស់លាស់ ហើយយើងនឹងឈរលើផលប្រយោជន៍ប្រទេសរបស់យើងជាចម្បង” ។ នេះបើយោងតាមកាសែតថៃ Khoasod English ចុះផ្សាយនៅថ្ងៃទី១ ខែតុលា។

លោក Anutin បាននិយាយថា នៅថ្ងៃស្អែកទី 2 ខែតុលា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នឹងបើកកិច្ចប្រជុំមួយ ហើយបញ្ហានេះនឹងត្រូវបានពិចារណា ហើយប្រធានថ្មីគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ត្រូវបានកំណត់រួចហើយ។

នៅ​ពេល​អ្នកកាសែតសួរ​ថា តើ​នរណា​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​តំណែង​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា រង់ចាំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ស្អែក (២ តុលា)។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន៤តំបន់ជាមួយប្រទេសថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ភ្ជាប់នឹងបណ្តឹងរបស់កម្ពុជាទៅ ICJ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហោះសារនៅហ្វេសប៊ុកនាព្រឹកថ្ងៃទី១៥ មិថុនាកន្លងទៅថា ការដែលកម្ពុជាជ្រើសយកថ្ងៃ១៥មិថុនា ដាក់ពាក្យបណ្តឹងករណីជម្លោះជាមួយថៃទៅICJ គឺជារឿងគាប់ជួននឹងថ្ងៃដែលកម្ពុជាឈ្នះក្តីករណីប្រាសាទព្រះវិហារ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការរបស់តុលាការយុត្តិធម៌អន្តរជាតិ។ 

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី កម្ពុជាចង់បានតែយុតិ្តធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីជៀសវាងកូនចៅខ្មែរជំនាន់ក្រោយបន្តមានបញ្ហាមិនចប់ជាមួយគ្នា៕