ខួបកំណើតឆ្នាំនេះ វី ឌីណែត រៀបរាប់ទាំងអួលដើមពីការលំបាក បែកបាក់ និងទុក្ខសោកដែលខ្លួនជួបប្រទះ !

ជារៀងរាល់ឆ្នាំ វី ឌីណែត តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយនៅក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយឡែកឆ្នាំនេះនាងបែរជាបង្ហាញនួវអារម្មណ៍ទុក្ខសោក និងអ្វីដែលខ្លួនធ្លាប់បានជួប្រទះនិងឆ្លងកាត់ទៅវិញ ។ 

ថ្ងៃទី ០៩ ខែ តុលា គឺជាថ្ងៃកំណើតរបស់តារាចម្រៀង វី ឌីណែត ឆ្នាំនេះនាងមានវ័យក្បែរ៣០ឆ្នាំហើយចរិតនិងការរៀបចំខ្លួនក៏ចាស់ទុំទៅតាមហ្នឹងដែរ ។ នៅក្នុងថ្ងៃកំណើតឆ្នាំនេះ វី ឌីណែត បាននិយាយថា « កើនអាយុមួយឆ្នាំទៀតហើយ ជិតសាមស៊ិបឆ្នាំហើយដែលខ្ញុំបានរស់នៅលើផែនដីមួយនេះ ជួបបញ្ហាក៏ច្រើន ជោគជ័យក៏ច្រើន មានទាំងក្តីសុខមានទាំងក្តីទុក្ខ ជួបការខកចិត្ត ជួបការបោកប្រាស់ទំនុកចិត្ត ជួបរឿងហួសចិត្ត ជួបមិត្តភាពក្លែងក្លាយ គ្រប់គ្នាអាចនឹងមើលឃើញថា រាល់ថ្ងៃខ្ញុំជាមនុស្សស្រីម្នាក់ដែលរឹងមាំ ក្លាហាន ស្រស់ស្អាតល្អគ្រប់យ៉ាង ទាំងដែលធាតុពិតខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ រស់នៅប្រឆាំង​និងវាសនា តវ៉ានិងជំងឺប្រចាំកាយ ។ ខ្ញុំគ្រាន់តែចង់រស់នៅបែបសាមញ្ញៗក្នុងគ្រួសារដ៏កក់ក្តៅ មានដៃគូជីវិតដែលល្អស្មោះស្ម័គ្រនិងគ្នា » ។

នេះជាលើកដំបូងហើយដែលតារាចម្រៀង វី ឌីណែត បង្ហាញពីការលំបាក និងការបែកបាក់របស់ខ្លួនឱ្យទស្សនិកជនបានដឹង កន្លងមកនាងព្យាយាមលាក់បាំងរឿងរ៉ាវឯកជនមិនឱ្យនរណាដឹងលឺឡើយ ។

គួររំលឹកផងដែរថា វី ឌីណែត ធ្លាប់ជួបស្នេហាមិនសមបំណងម្តងរួចមកហើយ នាងចង់រៀបការបញ្ចប់ជីវិតនៅលីវដែរ ប៉ុន្តែក្រោយពីមើលចិត្តគ្នាជាមួយបុរសម្នាក់មក ឃើញថាមិនអាចដើរផ្លូវរួមគ្នាបាននាងក៏សម្រេចចិត្តបែកផ្លូវគ្នា និងទុកបេះដូងឱ្យនៅទំនេររហូតមកដល់សព្វថ្ងៃនេះ ។ រាល់ពេលជួបជាមួយ វី ឌីណែត ម្តងៗនាងតែងតែនិយាយថា នារីគ្រប់រូបតែងតែប្រាថ្នាជីវិតគូដែលល្អស្មោះត្រង់និងគ្នា តែពិតជាពិបាករកណាស់ នាងក៏សង្ឃឹមថាអាចនឹងជួបគូស្រករដែលល្អក្នុងពេលឆាប់ៗខាងមុខ ៕