បញ្ញាវ័ន្ត និងអ្នកនយោបាយថៃចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះការចាក់សំឡេងរំខានពលរដ្ឋកម្ពុជានៅព្រំដែន និងចាត់ទុកជាទង្វើធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ

បញ្ញាវ័ន្ត និងអ្នកនយោបាយថៃ បានចេញប្រតិកម្មជាបន្តបន្ទាប់ ករណីការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ។

នៅថ្ងៃទី១៤ ខែតុលា បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ ដែលជាទីប្រឹក្សារបស់អង្គការ Human rights Watch ប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។ 

ចំណែកលោក កាន់វី សឺបសេង មេគណបក្សយុត្តិធម៌( Leader Fair Party) ក៏មិន​យល់​ស្របនឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​សេចក្តី ថ្លៃថ្នូរ​ជាមនុស្ស ក្នុងការបើកសំឡេងខ្មោចលងបន្លាចប្រជាជនកម្ពុជានោះដែរ។ ដោយឡែក លោក ណាត់ថាភុង រៀងបញ្ញាវុទ្ធ សមាជិកសភា និង ជាប្រធានគណបក្សប្រជាជន បានចាត់ទុកការប្រើចិត្តសាស្ត្រចាក់សម្លេងខ្មោចបែបនេះ ធ្វើឲ្យថៃចាញ់ប្រៀប។ សម្តីរបស់អ្នកនយោបាយថៃនេះ ត្រូវបានស្រង់ដោយកាសែតក្នុងស្រុកថៃ។ 

កាលពីពេលថ្មីៗនេះ លោកជំទាវ Angkhana Neelapaijit និងឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការប្រទេសថៃ​ ដែលជាបុគ្គលដំបូងចេញថ្លែងមិនគាំទ្រពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។

ការចេញមកប្រតិកម្មជាបន្តបន្ទាប់លើករណីនេះពីសំណាក់មន្ត្រីខ្ពស់ថៃ​ បញ្ញាវ័ន្ត រួមទាំងអ្នកនយោបាយក្នុងស្រុកថៃនេះ ក្រោយពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានដាក់បណ្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅហ្សឺណែវ ចំពោះការប្រព្រឹត្តមកលើប្រជាជនកម្ពុជានៅភូមិជោគជ័យ និងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃផងដែរ៕