ធ្លាប់តែឱបថើបកូនគេ ពេលនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា មានផ្ទៃពោះហើយ បន្ទាប់ពីរៀបការបានជិតមួយឆ្នាំ ។

ពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការិនី និងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាន់តែរឹងមាំឡើង ដោយនាងបានបង្កើនការងារនៅក្នុងក្រុមតន្រ្តីរបស់ខ្លួនឱ្យកាន់តែធំជាងមុន ក្រោយពីនាងបានរៀបការមានគ្រួសារ ។ អ្វីដេលកាន់តែពិសេសនៅក្នុងពេលនេះ គឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមក្តីប្រាថ្នា ។
សុភ័ក្រ្ត កុសុម៉ា ធ្លាប់បានប្រាប់ផងដែរថា ពេលរៀបការរួចនាងនឹងយកកូនភ្លាមៗ ពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ ចង់បានសមាជិកច្រើន ដូច្នេះហើយទើបនាងមិនប្រើប្រាស់វិធីសាស្រ្តពន្យាកំណើតណាមួយឡើយ ។
ក្រោយរង់ចាំអស់ពេលជិតមួយឆ្នាំទីបំផុត សុភ័ក្រ្ត កុសុម៉ា បានសម្រេចដូចបំណង ពេលនេះនាងកំពុងមានផ្ទៃពោះកូនដំបូង ថ្វីដ្បិតតែមិនទាន់ដឹងភេទកូននៅក្នុងផ្ទៃតែនាងនិងគ្រួសារពិតជារំភើបចិត្តត្រៀមទទួលសមាជិកថ្មីក្នុងពេលឆាប់ៗ។
សុភ័ក្រ្ត កុសុម៉ា បាននិយាយទាំងអារម្មណ៍ត្រេអរថា « បងប្អូនអើយ រំភើបណាស់ពេលក្លាយជាម៉ាក់ៗគេ គួរធ្វើចរិតម៉េចទៅ ? » ។ ក្រឡេកទៅមើលលោក ផល្លា ដែលជាស្វាមី សុភ័ក្រ្ត កុសុម៉ា វិញ នៅពេលដែលដឹងថា ភរិយាខ្លួនមានផ្ទៃពោះលោក រំភើបអរនិយាយស្ទើរតែពុំចេញ លោកបានត្រឹមតែនិយាយថា « ពេលនេះក្លាយទៅជាប៉ាប៉ាគេហើយ » ។
ចាប់តាំងពីមានផ្ទៃពោះមក សុភ័ក្រ្ត កុសុម៉ា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីកើនឡើងទ្វេដង ជាពិសេសស្វាមីនាងមិនចង់ឱ្យនាងធ្វើដំណើរឆ្ងាយៗឬធ្វើការងារធ្ងន់ៗនោះទេ ខ្លាចប៉ះពាល់ដល់សុខភាពម្តាយនិងកូន ការងារគ្រប់បែបយ៉ាងស្វាមីនាងជាអ្នករាប់រងទាំងអស់ ៕




