ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជាមួយសង្គ្រាមចិត្តសាស្ត្រ ដែលគេកំពុងប្រើបំបែកសាមគ្គីជាតិខ្មែរ និងបំផ្លាញជំនឿរបស់ប្រជាពលរដ្ឋលើថ្នាក់ដឹកនាំ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ មានគណនីខ្លះ ដាក់ឈ្មោះជាខ្មែរ តែពួកគេមិនមែនខ្មែរទេ ដែលពួកគេបានប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ពលរដ្ឋខ្មែរហើយ ក្រុម MMO ជាពិសេសក្រុមប្រឆាំង នៅក្រៅប្រទេស បានធ្វើជាភ្នាក់ងារចែកចាយបន្ត នូវព័ត៌មានប្រឌិតទាំងនោះ ដូច្នេះសូមបងប្អូនចង់ចាំថា គោលដៅរបស់គេ មិនបម្រើផលប្រយោជន៍ខ្មែរទេ ផ្ទុយទៅវិញ ពួកគេកំពុងបំពុលប្រជាពលរដ្ឋ ឱ្យបាត់នូវជំនឿលើខ្លួនឯង និងជំនឿលើថ្នាក់ដឹកនាំ ដោយធ្វើឱ្យខ្មែរចុះខ្សោយ។
បន្ថែមពីនោះទៀត អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរត្រូវតែមើលឃើញឱ្យច្បាស់ថា ខ្មែរណាជួយខ្មែរពិតប្រាកដ ហើយខ្មែរណាខ្លះ បានហុចដងដាវឱ្យគេ ហើយបំផ្លាញខ្មែរគ្នាឯង នៅក្នុងគ្រាដ៏លំបាកនេះ៕
អត្ថបទ៖ ពុទ្ធិកា