បាត់មុខពីឆាកសម្តែងយូរស្រាប់តែតារាស្រី ស៊ឹម ស្រីនិច្ច បានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបានសាក់សម័យឌីជីថលរឿង« កែវមុន្នីរតនាធីតាមុខសេះ » ជាមួយលោក ប៉ែន ចំរុង ។ តាមរយៈស្នាដៃសម្តែងរបស់នាងរួមជាមួយសិល្បករាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ។

ផ្ទាំងទស្សនីយភាពទម្រង់ល្ខោនបាសាក់សម័យឌីជីថលរឿង « កែវមុន្នីរតនាធីតាមុខសេះ » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានសម្តែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុន ។
កញ្ញា ស៊ឹម ស្រីនិច្ច ត្រូវបានជ្រើសរើសសម្តែងជានាង កែវមុន្នីរតនា ឬនាងកែវណាម៉ា ។ ថ្វីដ្បិតតែជាលើកដំបូងដែល ស៊ឹម ស្រីនិច្ច សម្តែងក្នុងទម្រង់ល្ខោនបាសាក់នេះ ប៉ុន្តែនាងពិតជាធ្វើបានយ៉ាងល្អ មិនថាពេលសម្តែងជានាង កែវណាម៉ាដែលមានមុខមាត់មិនសូវស្អាត ឬជានាង កែវ មុន្នីរតនា ដែលមានសម្រស់ផូរផង់ ជាក់ស្តែងអ្នកដែលបានទៅទស្សនាផ្ទាល់បានលាន់មាត់សរសើរនាងគ្រប់ៗគ្នា ។
កញ្ញា ស៊ឹម ស្រីនិច្ច បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា នាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងនៅក្នុងល្ខោនបាសាក់សម័យឌីជីថលរឿង « កែវមុន្នីរតនាធីតាមុខសេះ » ដែលមានសិល្បកររាប់រយនាក់ចូលរួមសម្តែង ។
បន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនបាសាក់នេះរួច ស៊ឹម ស្រីនិច្ច ក៏ត្រៀមខ្លួននឹងប្រលូកក្នុងវិស័យសិល្បៈឡើងវិញ ក្រោយបាត់មុខពីឆាកសម្តែងអស់ពេលជាច្រើនឆ្នាំ ។ នាងរំពឹងថា ការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជន ។
គួររំលឹកផងដែរថា កញ្ញា ស៊ឹម ស្រីនិច្ច គឺជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ នាងធ្លាប់លេចមុខនៅក្នុងរឿងភាគនិងរឿងដុំជាច្រើន ប៉ុន្តែក្រោយពីល្បីឈ្មោះនាងសម្រេចចិត្តចាក់ចេញពីសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីជំនួសវិញ ដោយឡែកទើបតែមួយឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តវិលត្រឡប់មកកាន់ឆាកសម្តែងឡើងវិញ ៕





