ស្របពេលដែលសម្រស់ពេលតារាស្រី ភឹម ស្រីណូ អតីតម្ចាស់មកុដ Miss Grand Cambodia 2023 ចាប់ផ្តើមប្រែប្រួលខ្លាំង ស្រាប់តែមានព័ត៌មានថា តារាស្រីរូបនេះត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។
ជួបជាមួយកញ្ញា ភឹម ស្រីណូ ផ្ទាល់កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា ភឹម ស្រីណូ ពិតជាស្រស់ស្អាតប្លែកខុសពីមុនឆ្ងាយណាស់ សូម្បីតែមិត្តរួមអាជីពក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញនាងប្រែប្រួលខ្លាំងបែបនេះ ។ ភឹម ស្រីណូ បានបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឱ្យនាងស្រស់ស្អាត និងប្រែប្រួលបែបនេះថា មកពីនាងញុំាតបអាហារ និងហាត់ប្រាណជាប្រចាំ ក្នុងនោះនាងក៏បានប្រើប្រាស់នូវផលិតផលមួយចំនួនជួយផងដែរ ទើបធ្វើឱ្យនាងស្រកគីឡូឆាប់ ហើយទទួលបាននូវអ្វីដែលខ្លួនចង់បាន ។

ថ្វីដ្បិតតែមិនបានបង្ហាញប្រាប់លំអិតអំពីភាពប្រែប្រួលរបស់ខ្លួន តែ ភឹម ស្រីណូ ត្រូវបានមហាជនដឹងថា បានទៅហាងកែសម្ផស្សដើម្បីវះកាត់ប្តូរខ្ទង់ចម្រុះថ្មី និងថែមចង្ការបន្តិច ទើបធ្វើឱ្យនាងស្រស់ស្អាតបែបនេះ ។
ភឹម ស្រីណូ ក៏ត្រៀមបោះទុនថវិការរាប់ម៉ឺនដុល្លារដើម្បីបើកលក់ផលិតផលថែរក្សាសម្រស់ដើម្បីបង្កើនប្រាក់ចំណូល ។ បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា បន្ទាប់ពីបើកលក់ផលិតផលផ្ទាល់ខ្លួនហើយ ភឹម ស្រីណូ ត្រៀមខ្លួននឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខផងដែរជាមួយគូស្នេហ៍របស់ខ្លួន ។
គួរំលឹកផងដែរថា ចាប់តាំងពីកញ្ញា ភឹម ស្រីណូ បញ្ចប់តួនាទីនិងការងាររបស់ខ្លួនក្នុងនាមជាមួយ Miss Grand Cambodia 2023 មកនាងបានប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងសម្រស់ និងរូបរាង ដោយសារនាងមានបំណងនឹងត្រឡប់មកការឆាកប្រកួតសម្រស់ជាថ្មីម្តងទៀត ៕


