កម្ពុជា-ម៉ាឡេស៊ី បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក

កម្ពុជា-ម៉ាឡេស៊ី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។ 

ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនានា តទៅអនាគត ។

គួរបញ្ជាក់ថា ការចុះហត្ថលេខារវាងកម្ពុជា-ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បានធ្វើឡើងរវាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយឯកឧត្តម DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥៕