លោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កន្លងមក សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ។ លោកជំទាវអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់លោកជំទាវ ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។
ការលើកឡើងរបស់លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ក្នុងជំនួបភាក្សាការងារជាមួយ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
នៅថ្ងៃដដែលនេះដែរ ក្រុមគណៈប្រតិភូកូរ៉េបានចុះពិនិត្យដល់ទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក្រោមការសម្របសម្រួលដោយក្រុមការងាររបស់លេខាធិការដ្ឋានគ.ប.ឆ.ប.។
ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានពិភាក្សាលើទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់មុខសញ្ញា ការសម្របសម្រួលទទួលពលរដ្ឋកូរ៉េត្រលប់ទៅវិញ និងកិច្ចសហការជាក់ស្តែងផ្សេងៗទៀត។
គណៈប្រតិភូកូរ៉េក៏បានជ្រាបផងដែរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ពីកម្ពុជា។ ក្នុងន័យនេះ ការអនុវត្តរបស់កម្ពុជាគឺត្រូវស្វែងរកដល់ឬសគល់និងប្រភពនៃការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មបែបឆ្លងដែនមួយនេះ។ ជាក់ស្តែង លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេល៤ខែកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង ដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការម៉ឺងម៉ាត់ និងអនុវត្តតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ ជនជាតិកូរ៉េជាង ៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕


