កាសែតអាមេរិក៖ ថៃ ជាស្ពានឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ ទៅកន្លែងផ្សេងទៀត

កាលពីថ្ងៃទី២៣ តុលា កាសែតអាមេរិក New York Times បានលាតត្រដាងដោយដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក បានសរសេរថា ថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) ដែលបោកប្រាស់ជនជាតិអាមេរិកអស់ទឹកប្រាក់ $១៦.៦ពាន់លានដុល្លារ។

ក្នុងអត្ថបទចេញផ្សាយរបស់ New York Times បានសរសេរថា មានជនជាតិអាមេរិក បានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មតាមអនឡាញនោះ ខណៈក្រុម Scam បានប្រើអាកាសយានដ្ឋានក្នុងប្រទេសថៃ ដើម្បីធ្វើជាស្ពានចម្លងសម្រាប់ទង្វើឆបោក និងជួញដូរទៅទីតាំងផ្សេងទៀត។

យោងតាមការសរសេររបស់ New York Times ដដែល មនុស្សត្រូវបានគេល្បួងឲ្យមកប្រទេសថៃដើម្បីបំពេញការងារដែលពួកគេគិតថា ជាការងារបម្រើសេវាអតិថិជន ឬបច្ចេកវិទ្យាព័ត៌មាន បន្ទាប់ពីទៅដល់ទីក្រុងបាងកក អ្នកទាំងនោះ ត្រូវបានគេនាំឆ្លងដែនថៃ យកទៅឃុំឃាំងនៅក្នុងបរិវេណអាគារប្រទេសផ្សេង ហើយជាញឹកញាប់រងការធ្វើបាបរាងកាយ និងធ្វើទារុណកម្មថែមទៀតផង។

គួរឲ្យសម្គាល់ផងដែរថា ថៃកំពុងប្រឈមមុខនឹងការកើនឡើងនៃបទល្មើសឆបោកតាមអនឡាញ ថ្មីៗប៉ូលិសថៃ បានចាប់ខ្លួនមនុស្សជាច្រើននាក់ ដែលបណ្តាញសារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយជាច្រើនព័ត៌មានចាប់តាំងពីដើមឆ្នាំ២០២៥មក។ បើតាមតាមកាសែតថៃ សេដ្ឋកិច្ចថៃបានខាតបង់អស់ជាង ៦០ពាន់លានបាត ដោយសារតែបទល្មើសឆបោកតាមអនឡាញក្នុងឆ្នាំ២០២៤៕