សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានទាហានមីយ៉ាន់ម៉ា ចំនួន ១៩នាក់ រួមទាំងមេបញ្ជាការម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទហានមីយ៉ាន់ម៉ាខ្លួនឯង ច្រឡំធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អំឡុងពេលប្រយុទ្ធជាមួយទាហាន Arakan Army (AA) នៅទីក្រុង Kyaukphyu រដ្ឋ Rakhine កាលពីថ្ងៃទី ១៣ខែកក្កដា។

យោងតាមការផ្សាយរបស់កាសែត Mizzima News ទាហានមីយ៉ាន់ម៉ាកំពុងធ្វើប្រតិបត្តិការនៅជិតភូមិ Gonechwain ប៉ុន្តែពួកគេត្រូវបានកំណត់អត្តសញ្ញាណខុសថាជាអ្នកប្រយុទ្ធរបស់ Arakan Army (AA) ហើយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទាហានគ្នាឯង។
តាមការចុះផ្សាយរបស់កាសែតមីយ៉ាន់ម៉ា ចំនួនទាហានដែលរងរបួស ឬស្លាប់អាចនឹងមានច្រើនជាងនេះ ដោយអាចមានអ្នកស្លាប់ដល់ទៅ ១០នាក់ឯណោះ។ កំហុសនេះបង្ហាញពីភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងជួរយោធា ខណៈដែលពួកគេប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពី AA ។
បើតាមកាសែតដដែល ការវាយប្រយុទ្ធគ្នានៅតែមានភាពតានតឹង ជាពិសេសនៅជុំវិញកងវរសេនាតូចលេខ៣២ ដែលក្រុម AA បន្តការវាយប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម៕
