ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទៅដល់អាកាសយានដ្ឋានអន្តរជាតិតូក្យូហើយ នារសៀលថ្ងៃចន្ទនេះម៉ោងនៅរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមជាសាក្សីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅប្រទេសម៉ាឡេស៊ី។
បើតាមសារព័ត៌មាន Reuters ចេញផ្សាយថា ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក Trump នៅទីក្រុងតូក្យូលោកគ្រោងនឹងមានជំនួបជាមួយព្រះចៅអធិរាជជប៉ុន Naruhito និងនាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី លោកស្រី Sanae Takaichi ជាផ្នែកនៃដំណើរទស្សនៈកិច្ចអាស៊ីក្នុងគោលបំណងធានាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគ និងបង្កើនការចំណាយលើវិស័យការពារជាតិ។
ខណៈពេលដែលលោក Trump បានទទួលការសន្យាវិនិយោគចំនួន ៥៥០ ពាន់លានដុល្លារពីប្រទេសជប៉ុនរួចហើយជាថ្នូរនឹងការបន្ថយសម្ពាធដាក់ទណ្ឌកម្មលើពន្ធនាំចូលនោះ លោកស្រី Takaichi សង្ឃឹមថានឹងធ្វើឱ្យលោក Trump ចាប់អារម្មណ៍បន្ថែមទៀតជាមួយនឹងការសន្យាទិញរថយន្តភីកអាប់ រួមទាំងសណ្តែកសៀង និងឧស្ម័នផងដែរ។
លោកស្រី Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុនកាលពីសប្តាហ៍មុនបានប្រាប់លោក Trump ថា ការពង្រឹងសម្ព័ន្ធភាពរបស់ប្រទេសរបស់ពួកគេគឺជា “អាទិភាពកំពូល” របស់លោកស្រីនៅក្នុងការហៅទូរស័ព្ទជាលើកដំបូងកាលពីថ្ងៃសៅរ៍។
គួរឲ្យដឹងថា ការនាំចេញរបស់ជប៉ុនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០.២ ភាគរយពីឆ្នាំមុនមកត្រឹម ៩.៧១ ពាន់ពាន់លានយ៉េន (៦៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទី១នៃសារពើពន្ធឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆមាសទី២ នៃសារពើពន្ធ ឆ្នាំ២០២០ ចំពេលពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីTrump។
បន្ទាប់ពីលោក Trump បានអនុវត្តគោលនយោបាយពាណិជ្ជកម្មដ៏ខ្លាំងក្លានៅក្នុងខែមេសា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដើម្បីកាត់បន្ថយការយកពន្ធលើយានយន្តពី ២៧.៥ ភាគរយមកត្រឹម ១៥ ភាគរយ។ អត្រានេះបានចូលជាធរមាននៅពាក់កណ្តាលខែកញ្ញា។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន៕


