នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi នឹងតែងតាំងប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ ដែលត្រូវបានសារព័ត៌មាន Reuters ចុះផ្សាយ។
លោកស្រី Takaichi បានជួបលោក Trump នៅព្រឹកថ្ងៃអង្គារនៅទីក្រុងតូក្យូដែលបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ ខណៈមេដឹកនាំទាំងពីរទើបបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែថា៖ «ក្នុងរយៈពេលដ៏ខ្លីបែបនេះ ពិភពលោកចាប់ផ្ដើមមានសន្តិភាពកាន់តែច្រើន»។ លោកស្រីបានបន្ថែមថា៖ «ខ្ញុំផ្ទាល់មានការចាប់អារម្មណ៍ និងបំផុសគំនិតពីលោកប្រធាន»។
កម្ពុជាក្នុងបរិបទស្រទ្បាញ់សន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ផ្ញើសារទៅកាន់គណៈកម្មាធិការពានរង្វាន់ណូបែលសន្ដិភាព ដោយបានស្នើសុំការតែងតាំងប្រធានាធិបតី Donald Trump សម្រាប់ ពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោក ដែលធ្វើឲ្យកម្ពុជានិងថៃ ដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។
គួរឲ្យដឹងថា មកដល់ពេលនេះ ពេលរង្វាន់ណូបែលសន្តិភាពត្រូវបានរៀបចំពិធីប្រគល់និងទទួលចំនួន ១០៥ដង ដល់ ១៤២ជ័យលាភី ដែលរួមមាន ជាបុគ្គលចំនួន ១១១នាក់ និងអង្គការចំនួន ៣១ស្ថាប័ន៕


