ប្រធានាធិបតីបារាំង សន្យារកនាយករដ្ឋមន្ត្រីថ្មីឲ្យបានក្នុងរយៈពេល ៤៨ម៉ោង

ការិយាល័យប្រធានាធិបតី Elysee នៅថ្ងៃពុធ ទី៨ ខែតុលា បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីមួយទៀត នៅក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៩តុលា។

ការិយាល័យប្រធានាធិបតី Elysee បាននិយាយថា សមាជិកសភាភាគច្រើនបានជំទាស់នឹងការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ខណៈបារាំងធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់ដែលមិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

គួរឲ្យដឹងដែរថា ក្រោយចូលកាន់តំណែងនាយករដ្ឋមន្រ្តីទី៥ លោក Sebastien Lecornu បានដាក់លិខិតលាលែងពីតំណែងកាលពីថ្ងៃចន្ទក្នុងសប្តាហ៍នេះ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសសមាសភាពគណៈរដ្ឋមន្ត្រី។ ការណ៍ នេះបានធ្វើឱ្យរដ្ឋបាលនេះ ក្លាយជារដ្ឋបាលមានអាយុកាលខ្លីបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសបារាំងសម័យទំនើប។

បើតាមការិយាល័យប្រធានាធិបតី Elysee ដោយយោងតាមសេចក្តីសន្និដ្ឋានរបស់លោក Lecornu បាននិយាយថា សមាជិកសភាភាគច្រើន បានជំទាស់នឹងការរំលាយសភា។

ផ្អែកលើមូលដ្ឋាននេះ ប្រធានាធិបតីបារាំងនឹងតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។

យ៉ាងណា ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅក្នុងប្រទេសបារាំងនោពេលនេះ ក៏មានការអំពាវនាវកាន់តែច្រើនឡើងឱ្យប្រធានាធិបតីបារាំងលាលែងពីតំណែងផងដែរ។ ប៉ុន្តែលោកបានបញ្ជាក់ម្តងហើយម្តងទៀតថា លោកនឹងបន្តបំពេញការងាក្នុងអាណត្តិទី២ រហូតដល់ចប់ចុង ចប់ដើម នៅឆ្នាំ២០២៧៕