ថ្មីៗនេះសមាគមសិល្បករខ្មែរអំពាវនាវឱ្យសិល្បករសិល្បការិនីទាំងក្មេងទាំងចាស់ ចូលរួមក្នុងកម្មវិធីវិបស្សនាឱ្យបានច្រើនកុះករ ដើម្បីជាការគោរពនិងឧទ្ទិសកុសលជនដល់វិញាណក្ខន្ធវីរកងទ័ព កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក ។

តាមរយៈសំណេររបស់សមាគមសិល្បករខ្មែរ ដែលបានបង្ហោះនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥នេះបានរៀបរាប់ថា « សមាគមសិល្បករខ្មែរមានកិត្តិយស សូមគោរពអញ្ជើញបងប្អូនសិល្បករ និងសិល្បការិនីទាំងអស់ ចូលរួមក្នុងកម្មវិធីវិបស្សនាធុរៈ ដើម្បីជាការគោរព និងឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក។ កម្មវិធីវិបស្សនាធុរៈនេះ នឹងប្រព្រឹត្តទៅនៅ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ខាងមុខនេះ។ សូមបងប្អូនសិល្បករ សិល្បការិនី និងសមាជិក សមាជិកាទាំងអស់ មេត្តាអញ្ជើញចូលរួមកម្មវិធីវិបស្សនាធុរ:ប្រកបដោយអត្ថន័យជ្រាលជ្រៅនេះឱ្យបានច្រើនកុះករដោយមេត្រីភាព។ ព្រោះមិនត្រឹមតែជាការគោរព និងឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាទាំងឡាយប៉ុណ្ណោះទេ ប៉ុន្តែការធ្វេីវិបស្សនាក៏ដើម្បីជាពន្លឺនៃការចម្រេីននូវចិត្តមេត្តាករុណា សន្តិភាព និងសាមគ្គីភាពក្នុងចង្កោមបងប្អូនសិល្បករផងដែរដែរ » ។
ជាមួយនិងការអំពាវនាវនេះ សិល្បករសិល្បការិនីជាច្រើនបានសម្តែងនូវការរីករាយ ព្រមទាំងត្រៀមខ្លួនចូលរួមក្នុងកម្មវិធី វិបស្សនា នេះគ្រប់ៗគ្នា ៕





