សម្តេចបវរធិបតី ហ៊ុន ម៉ាណេត ផ្តល់ជាអនុសាសន៍៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនិងធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ។

អនុសាសន៍ និងគំនិតផ្តួចផ្តើមទាំង៨ចំណុចនោះរួមមាន៖

ទី១-បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទតាមរយៈ យន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងការងារលើកកម្ពស់អនាម័យ ជនបទ។

ទី៣-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល រៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ដើម្បីប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវក្នុងការងារលើកកម្ពស់ អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍនិងវិស័យ ឯកជន ព្រមទាំងសប្បុរសជននានាលើការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តពង្រឹងយន្តការគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្តប់អនាម័យជនបទឱ្យ កាន់តែមានភាពច្បាស់លាស់ និងប្រកបដោយភាពជឿជាក់សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹង ការងារលើកកម្ពស់អនាម័យជនបទដែលសមស្រប និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព និងចីរភាព។

ទី៧- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាព ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត មូលដ្ឋាន ដើម្បីរក្សាបាននូវនិរន្តរភាព និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។

ទី៨- ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតចំពោះ ក្រុមងាយរងគ្រោះ គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួម គ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

ការលើកកម្ពស់អនាម័យជនបទនៅតែជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០។

អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែល ក្នុងនោះមានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។ ដោយឡែក អត្រាគ្របដណ្តប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០៕