ទឹកចិត្តល្អប្រពៃណីណាស់ តារាចម្រៀង ខេម បានអំពាវនាវឱ្យសិល្បករសិល្បការិនីក៏ដូចជាប្រជាពលរដ្ឋ ខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើននៅចុងសប្តាហ៍នេះ ដើម្បីជួយដល់អ្នកដែលត្រូវការឈាមជាចំណាំបាច់ក្នុងការជួយសង្រ្គោះជីវិត ។

កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង ខេម បានទៅដឹកនាំសិល្បករក្នុងក្រុមបាល់ទាត់តារាកម្ពុជា ទៅផ្តល់ឈាមទុកជួយដល់បងប្អូនដែលមានបញ្ហាកង្វះឈាម ។ ក្នុងទឹកមុខរីករាយ ខេម បាននិយាយថា ជារៀងរាល់ឆ្នាំលោកតែងតែទៅបរិច្ចាគឈាមដើម្បីទុកជួយដល់អ្នកដែលត្រូវការឈាមជាចំបាច់ រូបលោកក៏បានទៅបរិច្ចាគឈាមរួចរាល់ហើយជាមួយបងប្អូនសិល្បករខ្មែរកាលពីប៉ុន្មានថ្ងៃមុន ។
បន្ទាប់ពីឃើញទង្វើរដ៏ល្អនិងទឹកចិត្តដ៏ប្រពៃរបស់ ខេម ក្នុងការជួយសង្គមបែបនេះ បានធ្វើឱ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំង ។ ជាមួយនិងការបង្ហាញខ្លួននេះតារាចម្រៀង ខេម ក៏បានអំពាវនាវដល់សិល្បករសិល្បការិនី ព្រមទាំងប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន លោកថា រួមគ្នាផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ សម្រាប់ កម្ពុជា ចាប់ពីថ្ងៃទី ១៤-១៥ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចនៅពហុកីឡដ្ឋានជាតិអូនឡាំពិក ។
ខណៈពេលដែលអំពាវនាវដល់សិល្បករក៏ដូចជាពលរដ្ឋចូលរួមបរិច្ចាគឈាមនេះ ខេម ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រៅបរិច្ចាគឈាមនៅថ្ងៃទី១៥ ខែ វិច្ចិកា ក៏មានការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍នោះផងដែរដូច្នេះសូមបងប្អូនទាំងអស់ចូលរួមគាំទ្រឱ្យបានច្រើន ៕





