សភាពាណិជ្ជកម្មបារាំង-កម្ពុជា នឹងរៀបចំកម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» នៅ​ខេត្តសៀមរាប

សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយ​រដ្ឋបាល​ខេត្តសៀមរាប នឹងរៀបចំកម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» ដើម្បី​លើកកម្ពស់វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងដើម្បី​​ជួយផ្សព្វផ្សា​យ​ប្រជា​ប្រិយ​ភា​ពជា​សកលរប​ស់ប្រ​​ទេសកម្ពុ​ជា ក៏ដូចជា​ខេត្ត​សៀ​មរាប។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី «អបអរសាទរ​ទិវាហ្វ្រង់កូហ្វូនី ២០២៥» នឹងមាន សកម្មភាពដូចជា ផ្សារវប្បធម៌ដែលមានស្តង់ប្រមាណ ៥០ស្តង់ ដា​ក់​តាំង​បង្ហាញផលិតផល និងសិប្បកម្មម​កពី​ប្រទេស​បារាំង និងផលិតផលសិប្បកម្មក្នុងស្រុករបស់​ប្រទេសកម្ពុជា និងការប្រគំតន្ត្រីនៅយប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធី រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវតាមបណ្តោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់ចំណុចចាប់ពីសណ្ឋាគារFCC ដល់ស្ពានវត្តរាជបូព៌ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ចប់កម្មវិធី។

រដ្ឋបាលខេត្តសៀមរាប ក៏សូមក្តីយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទដែលនៅទីតាំងរៀបចំកម្មវិធី ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធតាមការគួរ។