មរតកប្រវត្តិសាស្រ្ត! មេបញ្ជាការវិស្វកម្មបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនកំពុងសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កាលពីថ្ងៃទី១០-១១ ខែវិច្ចិកា​ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋាន​ ផ្លូវតភ្ជាប់ ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរហូតមកដល់ថ្ងៃនេះ គឺសម្រេចបានលទ្ធផលយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។

សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយបាននឹងកំពុងសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ នេះជាគូសបញ្ជាក់បន្ថែមពីមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម។

សូមជម្រាបថា កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) ឲ្យបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមនៅលើទីតាំងដីដែលបានឯកភាពរួចហើយ ។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងបានជិត ១៥០០ គីឡូម៉ែត្រហើយ ។

ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ ។ ជាមួយថៃពី ឆ្នាំ១៩៩៤ ដល់ ២០២៣ បានកសាងផ្លូវបានប្រវែង ៤៥៥ គីឡូម៉ែត្រ លើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ ។ ជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ៕