គម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឈានដល់ដំណាក់កាលដំឡើងធ្នឹមតភ្ជាប់សំណង់អគារហើយ ដែលជាគម្រោងរបស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.)។

ការដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើមនេះ ក៏ត្រូវបានចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការដំឡើងធ្នឹមជាប្រវត្តិសាស្ត្រ ធ្នឹមដែលត្រូវបានដំឡើងតភ្ជាប់សំណង់អគារសណ្ឋាគារនាពេលនេះ មានទម្ងន់សរុបប្រមាណ ១៨០០ តោន ដែលមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ។ ការងារស្ទូចដែកតំណរជាឆ្អឹងអាគារនេះ ត្រូវបានលើកឡើងកម្ពស់ ១៣ ជាន់ស្មើនឹង ៥៩ ម៉ែត្រ ដោយភ្ជាប់ពីជាន់ទី១៣ ដល់ជាន់ទី១៦ ក្នុងល្បឿន ៥ ម៉ែត្រក្នុងមួយម៉ោង និងប្រើប្រាស់ពេល ២ថ្ងៃ។ ភាពជោគជ័យនៃការដំឡើងធ្នឹមដ៏ធ្ងន់នេះ បានបង្ហាញពីសមត្ថភាពបច្ចេកទេស និងវឌ្ឍនភាពដ៏លឿនរបស់គម្រោង។
គម្រោងរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd. នេះ កំពុងដំណើរការសាងសង់លើផ្ទៃដីសរុបប្រមាណ ១៦ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងប្រមាណ ៥៧៤ លានដុល្លារអាមេរិក។ តាមការវាយតម្លៃរបស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៅក្នុងខេត្តព្រះសីហនុ។ គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយ ហើយក្នុងនោះ អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់ ៣៧ ជាន់ ចំនួន ២៨៧០ បន្ទប់) បានសង់ដល់កម្ពស់ ៣០ ជាន់។ ដោយឡែកអគារការិយាល័យ និងខុនដូរ បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។
តាំងពីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ឱកាសការងារសរុបប្រមាណ ៣០០០ នាក់ និងប៉ាន់ស្មានថានឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០០០ នាក់ នៅពេលបញ្ចប់។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាដៃគូសហការដ៏សំខាន់ជាមួយសណ្ឋាគារអន្តរជាតិ Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត។ កិច្ចសហការនេះមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកផលិតផលគុណភាពខ្ពស់ និងទុនវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា។





