ដំណើរការហើយ ! ក្រសួងអប់រំចាប់ផ្តើមដំណើរការប្រឡងឌីប្លូមជាផ្លូវការ និងប្រកាសលទ្ធផល ថ្ងៃទី២១ កក្កដាខាងមុខ

ក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកក្តដា ឆ្នាំ២០២៥នេះតទៅ ។

ចំពោះមុខវិជ្ជាដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នេះ មានចំនួន ១០មុខវិជ្ជា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។ រីឯរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ 

ចំណែកឯ ឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដា តាមរយ:គ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ 

លើសពីនេះ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។

គួរបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់ផងដែរ៕

ដោយ៖ ផុន លីហ្សា