បង្កើនការរឹតបន្តឹងក្មេងទំនើង! ឯកឧត្តម ស សុខា ជំរុញឱ្យសាលាចូលរួមពិនិត្យលើសក់សិស្ស ដែលលាបពណ៌ ឬម៉ូតវែងខ្លីមិនសមរម្យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។ 

ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ មិនគួរអនុញ្ញាតឱ្យចូលរៀននោះទេ»។

ឯកឧត្តម ស សុខា បានលើកឡើងនាពេលថ្មីៗនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវបេតុង ពីភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ដល់ភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ស្បតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តតាមច្បាប់ដ៏រឹងមាំរបស់ជាតិ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំពុងបង្កើនការយកចិត្តទុកដាក់ជាប្រចាំ ទាំងក្នុងភារកិច្ចដឹកនាំបញ្ជាបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ព្រមទាំងបោសសម្អាតល្បែងសុីសងគ្រប់ប្រភេទ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្រ្កាបក្រុមក្មេងទំនើងសរុប៧៨១ករណី ឃាត់ខ្លួនមនុស្សចំនួន២ ៧៩២នាក់។ ក្នុងចំណោមនោះក្មេងទំនើង១ ៨៥៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត៕