ជនភៀសសឹកក្នុងវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧២៥គ្រួសារ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន ១,៧២៥គ្រួសារ ស្មើ ៦,០៤៥នាក់ ដែលជម្លៀសពីតំបន់សមរភូមិព្រំដែន។

ការបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហាររបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕