Elon Musk ចូលរួមអាហារពេលល្ងាចដែលលោក Trump រៀបចំទទួលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត

មហាសេដ្ឋី Elon Musk បានចូលរួមអាហារពេលល្ងាចជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Saudi Crown Mohammed bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត នៅសេតវិមានកាលពីថ្ងៃអង្គារ ដែលជាការបង្ហាញខ្លួនជាសាធារណៈរួមគ្នាលើកទីពីរចាប់តាំងពីជម្លោះសាធារណៈដ៏ភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ។

ការចូលរួមរបស់ Musk អាចជាសញ្ញានៃការផ្សះផ្សានៅក្នុងទំនាក់ទំនងដ៏ច្របូកច្របល់រវាងក្រុមហ៊ុន Tesla និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីមហាសេដ្ឋីកំពូលលុយ Elon ក៏មានឃើញការចូលរួមរបស់តារាបាល់ទាត់ព័រទុយហ្គាល់ លោក Cristiano Ronaldo និងម្ចាស់ក្រុមហ៊ុន Nvidia លោក Jensen Huang ផងដែរ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។

គួរឲ្យដឹងថា លោក Musk បានគាំទ្រ និងផ្តល់មូលនិធិដល់ការបោះឆ្នោតរបស់លោក Trump កាលពីឆ្នាំមុន ហើយបានក្លាយជាទីប្រឹក្សាដ៏ជំនិតរបស់រដ្ឋបាលត្រាំនៅដើមឆ្នាំនេះ ដោយដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) និងពិនិត្យលើការកាត់បន្ថយការផ្តល់មូលនិធិ និងការងាររបស់សហព័ន្ធ។ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែអ្នកទាំងពីរបានចែកផ្លូវគ្នាដើរ ដោយ Musk យកពេលវេលាផ្តោតលើជំនួញវិញ។ ចាប់តាំងពីនោះមក លោក Musk និង Trump កម្រជួបគ្នាជាសាធារណៈ ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចាប់​ដៃ​ជា​លើក​ចុង​ក្រោយ​ជាមួយ​លោក Trump នៅ​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​សកម្មជន​អភិរក្ស​និយម Charlie Kirk ក្នុង​ខែ​កញ្ញា។

សូមជម្រាបថា លោក Trump កំពុងទទួលស្វាគមន៍វត្តមានមេដឹកនាំអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកការស្តារឡើងវិញនូវមុខមាត់ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន៕