បន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយដែលកើតចេញពីការសន្ទនារវាងបុរី និងអតិថិជន សម្របសម្រួលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ, អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយប្រកបដោយស្នាមញញឹម ដែលវឌ្ឍននេះជាការបង្ហាញឲ្យឃើញពីផ្លែផ្កានៃវប្បធម៌សន្ទនា។
បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកានេះ បណ្តាញសង្គមអ្នកឧកញ៉ាបានបង្ហាញរូបភាពភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។
ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។
បន្ថែមពីលើនេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕







