គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ សាងសង់បាន ១០០%ហើយ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចលទ្ធផលការងារបាន ១០០% ហើយ ដែលនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ 

បើយោងតាមរបាយការណ៍ក្នុងឱកាសលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់កាលរសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ទំនប់ដូនទ្រី អាចស្ដុកទឹកបាន ១៦៣លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ជាមួយនឹងសម្រេចបានសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង បានសម្តែងសេចក្តីត្រេកអរ សប្បាយរីករាយនិងសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានសាងសង់ទំនប់ដូនទ្រីនេះឡើងដែលជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើផលប្រយោជន៍នៅក្នុងខេត្តបាត់ដំបង៕