ឯកឧត្តម កែវ រ៉េមី៖ ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា  ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយឯកឧត្តម បានបញ្ជាក់ថា មានលក្ខណៈល្អប្រសើរ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់លើសិទ្ធិរស់រានមានជីវិត និងសន្តិភាពទាំងក្នុងប្រទេស តំបន់ និងពិភពលោក ហើយក៏ស្របនឹងចក្ខុវិស័យអាស៊ានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគី ទៅវិញ។ ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយកបញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ពាក់ព័ន្ធនឹងបញ្ហាមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា “រាល់ពេល ទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង”។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដី នោះគឺជាការ ទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។ 

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់ សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់។

 ឯកឧត្តម Natalius Pigai បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងពលករមកពីប្រទេសឥណ្ឌូណេស៊ី ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានស្នើសុំលើបីចំនុចសំខាន់ៗគឺ (១) បន្តការ គាំពារជួយគ្នាទៅវិញទៅមកក្នុងការការពារពលករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី (២) អញ្ជើញ ឯកឧត្តមទេសរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកស្ដីពីសិទ្ធិមនុស្សឆ្នាំ២០២៦ នៅប្រទេស ឥណ្ឌូណេស៊ី និង (៣) គាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីលទ្ធភាពរបស់ក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការផ្តល់ជំនួយជាលក្ខណៈបច្ចេកទេស រួមមានការកសាងសមត្ថភាព បណ្ដុះបណ្តាល និងជំនួយផ្សេងៗ ទៀតដល់មន្ត្រីកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាព និងគាំពារពលករគ្រប់រូប រួមទាំងពលករឥណ្ឌូណេស៊ី ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងទទួលំយកការ អញ្ជើញរបស់រដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្ដីពីសិទ្ធិ មនុស្សឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។ ចំពោះសំណើសុំឱ្យកម្ពុជាគាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងធ្វើការរាយការណ៍ទៅប្រមុខ រាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណើនេះ។ ពាក់ព័ន្ធនឹងការផ្ដល់ជំនួយបច្ចេកទេសរបស់ឥណ្ឌូណេស៊ី ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើឱ្យមានរៀបចំជាមន្ត្រីបង្គោលរវាងកម្ពុជានិងឥណ្ឌូណេស៊ី ដើម្បីសម្របសម្រួលលើការងារនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ឥណ្ឌូណេស៊ីជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្ដីថ្លែងការណ៍រួម ស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕