អ្នកជំនាញ៖ ថៃខាតលុយ ៤៦លានដុល្លារក្នុងមួយថ្ងៃដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation វិបត្តិទឹកជំនន់នៅប្រទេសថៃបានជន់លិចនៅក្នុងខេត្តចំនួន១០ ដែលស្ថិតនៅភាគខាងត្បូង ដោយមានប្រជាជនចំនួន ១.៩លាននាក់រងផលប៉ះពាល់។ ចំណែកផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវបានរាយការណ៍ថាមានទំហំខាតបង់ចន្លោះពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ។

ប្រធានមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា ការខាតបង់នៅក្នុងខេត្តទាំង ១០នៅភាគខាងត្បូងប្រទេស ត្រូវបានប៉ាន់ប្រមាណថាមានទំហំរហូតដល់ពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ ដោយសារខេត្តទាំងនេះពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

លោកថា ប្រសិនបើទឹកជំនន់នៅតែបន្តក្នុងរយៈពេលមួយខែ នោះការខាតបង់សេដ្ឋកិច្ចសរុបអាចឈានដល់ ៣០០ទៅ ៤៦០លានដុល្លារអាមេរិក ស្របពេលនឹងរដូវកាលទេសចរណ៍ខ្ពស់ (High Season) ពោលគឺជាពេលដែលចំនួនភ្ញៀវអន្តរជាតិមានកំណើនខ្លាំង។

បើតាមលោក Thanavath ដោយសារទឹកជំនន់បន្តកើតឡើងធ្វើឲ្យភ្ញៀវទេសចរណ៍ម៉ាឡេស៉ីដែលគ្រោងមកប្រទេសថៃបានសម្រេចលុបចោលដំណើរកម្សាន្តវិញ។

ពាក់ព័ន្ធនឹងវិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរកម្រិតទី៤នេះ នាយករដ្ឋមន្ត្រី៤ខែរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាឱ្យគ្រប់ភ្នាក់ងារទាំងអស់ចល័តគ្រឿងចក្រ ម៉ាស៊ីនបូម ម៉ាស៊ីនរុញច្រានទឹក និងម៉ាស៊ីនភ្លើង ដើម្បីជួយដល់សហគមន៍ដែលកំពុងរងផលប៉ះពាល់ ខណៈដែលលោករំពឹងថា ស្ថានការណ៍ទឹកជំនន់នឹងមានស្ថិរភាពវិញក្នុងសប្តាហ៍នេះ៕