ជិត ២០០ប្រទេស ជាសមាជិក OPCW ទទួលស្គាល់ថា ការប្រើប្រាស់អាវុធគីមីក្នុងកាលៈទេសៈណាក៏ដោយ គឺជាការរំលោភសន្ធិសញ្ញាអន្តរជាតិ ហើយត្រូវទទួលទណ្ឌកម្មអន្តរជាតិ

តំណាងកម្ពុជា ដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការ ហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសជាសមាជិកទាំង ១៩៣ប្រទេស។ 

ក្រសួងការបទេសបានឱ្យដឹងថា កិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ និងបរិស្ថាន។ អង្គសន្និសីទបានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈ ណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ។ 

ក្នុងអំឡុងសង្គ្រាម៥ថ្ងៃ យោធាថៃ បានប្រើអាវុធគីមី និងប្រើយន្តហោះបាញ់ផ្សែងគីមីពុល សារធាតុផូស្វ័រពណ៌ស វាយប្រហារលើទីតាំងយោធា និងទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយមិនរើសមុខ ដែលបំពានអនុសញ្ញាអន្តរជាតិ ក្នុងនាមជាប្រទេសសមាជិក។ 

អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានរាយការណ៍កន្លងមកនេះថា អាជ្ញាធរជំនាញបានរកឃើញនូវសារធាតុជាច្រើនជាង ៧០ មុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម។ សារធាតុគីមីដែលបង្កឡើងដោយថៃទាំងនោះ កំពុងប៉ះពាល់ដីកសិកម្ម ជីវិតមនុស្ស សត្វ ទឹក និងបរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង៕