អាជ្ញាធររាជធានីភ្នំពេញ ឈប់ឲ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ

ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាសសម្តេចបវរធិបតី។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូន តាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។

ក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៩ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល៨ឆ្នាំ កន្លងមកនេះ មហាវិថីសម្តេចតេជោ ហ៊ុន សែន បានក្លាយជាផ្លូវដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីនេះ បានជួយសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយរយៈពេល ធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យមានការអភិវឌ្ឍនិងកំណើនប្រជាសាស្ត្រ នៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ នេះ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ មានការអភិវឌ្ឍនិងមានកំណើនប្រជាសាស្ត្រយ៉ាងឆាប់រហ័ស ជាពិសេសនៅ ក្រោយពេលការដាក់ឱ្យដំណើរការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើឱ្យ មហាវិថីសម្តេចតេជោ ហ៊ុន សែន មានសភាពកាន់តែមមាញឹក ដែលអាចបង្កជាការរំខានដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ៕