ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។ ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។
ក្នុងឱកាសសំណេះសំណាលនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហាដែលកើតមានឡើងនាពេលកន្លងមក។ ឯកឧត្តមបន្តថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជនទិញផ្ទះ នៅបុរីឡេង ណាវ៉ាត្រា ដោយមិនបានគេចវេសនោះទេ។ ឯកឧត្តមបានបន្ថែមថា ចំពោះក្រសួងតែងចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានដំបូលជ្រក មានផ្ទះ មានម្ហូបលើតុ មានប្រាក់ចំណូលសមរម្យ ដែលជាទ្រនំសុភមង្គល។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះហើយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អតិថិជនទាំងអស់ត្រូវចេះសហការគ្នារស់នៅជាសហគមន៍ ជាភូមិ និងត្រូវគិតគូលើប្រព័ន្ធផ្លូវ ទឹក ភ្លើង សួនច្បារ ការដាំដើមឈើ និងបញ្ហាសន្តិសុខផងដែរ។ សម្រាប់ជំហានបន្ទាប់ទៀត ក្រសួងនឹងបន្តសហការសម្របសម្រួលជាមួយក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងខាងធនាគារ ដើម្បីធានាលើលំហូរសាច់ប្រាក់ និងជួយឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ពីធនាគារទាបជាងមុន ក្នុងការបង់ថ្លៃដីឡូត៍ ឬផ្ទះ។
សូមជម្រាបថា ការចែកបណ្ណកម្មសិទ្ធិ និងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងរៀបចំដែនដី។
ក្នុងដំណាក់កាលទី៣នេះ ក្រសួងរៀបចំដែនដីនឹងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២,៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា។ ទន្ទឹមនេះ ក្រសួងនឹងបន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬផ្ទះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និងឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ៕








